ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, March 22, 2016

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី គ្រោងនឹងបង្កើនទុនរបស់ខ្លួនចំនួន២លានដុល្លារអាមេរិក បន្ថែមទៀត ដើម្បីពង្រីកសេវាកម្មរបស់ខ្លួន

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, March 22, 2016

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី គ្រោងនឹងបង្កើនទុនរបស់ខ្លួនចំនួន២លានដុល្លារអាមេរិក បន្ថែមទៀត ដើម្បីពង្រីកសេវាកម្មរបស់ខ្លួន តាមរយៈការផ្តល់ឥណទាន​ទៅដល់អតិថិជនទូទៅ ក៏ដូចជាម្ចាស់សហគ្រាសធុនតូច និង​​មធ្យម។ លោករឿន សម្បត្តិ ដែលជានាយកប្រតិបត្តិការ របស់គ្រឹះស្ថានបានអោយដឹងថាទុនបន្ថែមនេះគ្រឹះស្ថានរបស់លោក ទីមួយផ្តោតទៅការផ្តល់ឥណទាន ជាលក្ខណៈបុគ្គល (Personal Loan) ដែលជាតម្រូវការផ្ទាល់ខ្លួនដូចជាសម្រាប់ទិញរថយន្ត ទោចក្រយានយន្ត សំភារៈប្រើប្រាស់នៅក្នុងផ្ទះ ក៏ដូចជារៀបអាពាពិពាហ៍ បន្តការសិក្សា ។ល។ ទី២ សម្រាប់គាំទ្រទៅដល់សហគ្រាសខ្នាតតូច និងមធ្យមដែលក្នុងនោះរួមមានទាំង សហគ្រាសកែច្នៃស្រូវអង្ករផងដែរ។

គម្រោងឥណទាននិងសេវាកម្មនេះនឹងបានចូលរួមចំនែកជាមួយសហព័ន្ធស្រូវអង្ករដែលកំពុងតែជួបបញ្ហាខ្វះខាតទុនសម្រាប់កែច្នៃស្រូវអង្ករខ្មែរយើង។

លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងក្នុងវេទិការស្រូវអង្ករលើកទី៥ កាលពីពេលកន្លងទៅថ្មីៗនេះថា កម្ពុជាត្រូវការទុនប្រមាណ ៥០០លានដុល្លារអាមេរិក ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត សម្រេចអោយបានការនាំចេញអង្ករ​ ១លានតោនក្នុងឆ្នាំ២០១៦។

ជាការពិត ដើម្បីអោយវិស័យស្រូវអង្ករកម្ពុជា សម្រេចបានតាមផែនការខាងលើ​ គឺចាំបាច់ត្រូវមានការចូលរួមពីសំណាក់ វិស័យឯកជន ​ក្រុមហ៊ុនស្រូវអង្ករកម្ពុជាទាំងអស់ ក្នុងនោះក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផងដែរ។

លើសពីនេះទៀត បើកម្ពុជាមានទុនគ្រប់គ្រាន់ វានឹងជួយសម្រួលលើវិស័យដាំដុះ ដោយម្ចាស់អាជីវកម្ម ស្រូវអង្ករ​ អាចប្រើប្រាស់ប្រព័ន្ធស្រោចស្រព ដែលមានឧបករណ៍ផលិតស្រូវទំនើបៗ និងបច្ចេកទេសនៃការដាំស្រូវទទួលបានផលច្រើន និងមានឃ្លាំងស្តុកស្រូវរយៈពេលយូរជាដើម។

គូសបញ្ជាក់ឡើងវិញដែរថាក្នុងឆ្នាំ ២០១៥ កន្លងទៅនេះកម្ពុជាបាននាំចេញអង្ករសរុប លើទីផ្សារក្រៅប្រទេសបានចំនួន​៥៣ម៉ឺនតោន ដែលស្មើនិងជាង ៥០ភាគរយនៃផែនការ១លានតោន ខណៈកម្ពុជានៅតែមិនបោះបង់ផែនការនាំចេញអង្ករអោយបាន១លានតោនក្នុងឆ្នាំ២០១៦។



Advertisement
© 2013 Mohachun News Network.Designed by Share4Khmer