Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អ្នកមានលុយ និងមានអំណាច សម្រុកទន្ទ្រានយកដីព្រែក និងឆ្នេរសមុទ្រ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ចំណែកអាជ្ញាធរគ្មានវិធានការ

(កោះកុង)៖ ប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងសម្តែងនូវក្តីបារម្ភ និងខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរមូលដ្ឋាន បន្...

(កោះកុង)៖ ប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងសម្តែងនូវក្តីបារម្ភ និងខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីមានការបោះបង្គោលហ៊ុមព័ទ្ធយកព្រែកធម្មជាតិ ដើម្បីទន្ទ្រានយកជាកម្មសិទ្ធឯកជន ជាច្រើនកន្លែង ពីសំណាក់អ្នកមានលុយ និងមានអំណាច។
ពួកគាត់បានរៀបរាប់ប្រាប់ Swift News ឲ្យដឹងថា ព្រែកត្រពាំងរមាស គឺជាព្រែកដ៏មានសារៈសំខាន់មួយ សម្រាប់ពលរដ្ឋក្នុងឃុំជ្រោយស្វាយទាំងមូល អាចអាស្រ័យផលដោយសេរី ក្នុងការប្រកបរបរនេសាទជាលក្ខណៈគ្រួសារ ដូចជា ដាក់លបក្តាម បង់សំណាញ រើសខ្យង និងរាវបង្គារជាដើម។
ពួកគាត់បានលើកឡើងទៀតថា កន្លងមកនៅតាមបណ្តោយព្រែកខាងលើនេះ ប្រជាពលរដ្ឋតែងតែនាំគ្នាសង់ជាខ្យុស ឬតូប សម្រាប់ភ្ញៀវទេសចរណ៍អង្គុយសម្រាកលំហែកាយនៅតំបន់ឆ្នេរនេសាទនេះ ប៉ុន្តែក្រោយមកត្រូវបានសមត្ថកិច្ចចម្រុះហាមឃាត់ពួកគាត់ និងវាយកម្ទេចចោលគ្មានសល់ ដោយក្រុមសមត្ថកិច្ចចម្រុះទាំងនោះអះអាងថា ព្រែកនេះគឺស្ថិតក្នុងដែនគ្រប់គ្រងរបស់រដ្ឋ។
ពួកគាត់បានរំឭកថា ចំណែកក្រុមប្រជាពលរដ្ឋ​​​ ក៏នាំគ្នាយល់ព្រមលើការអនុវត្តច្បាប់របស់អាជ្ញាធរដែនដី ប៉ុន្តែពួកគាត់មិននឹកស្មានថា ត្រឹមតែរយៈពេលប្រមាណជា២សប្តាហ៍មុននេះ ស្រាប់តែមានមនុស្សមួយក្រុមមកបោះបង្គោលហ៊ុមព័ទ្ធ អង្កន់បែងចែកប្លង់ជាដុំៗ តាមបណ្តោយព្រែកខាងលើ ដើម្បីយកជាកម្មសិទ្ធិឯកជន ថែមទាំងហ៊ានអះអាងថា ពួកគេមានប្លង់ត្រឹមត្រូវ និងបានចុះហត្ថលេខាទទួលស្គាល់ដោយអាជ្ញាធរខេត្តកោះកុងថែមទៀតផង។
ប្រជាពលរដ្ឋបានសម្តែងនូវការងឿងឆ្ងល់ជាខ្លាំងថា តើហេតុអ្វីបានជាព្រែកសាធារណៈរបស់រដ្ឋ ដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងបុរាណមក ប្រែក្លាយជាកម្មសិទ្ធិឯកជនយ៉ាងរហ័សរបៀបនេះ ហើយថែមទាំងមានការស៊ីញ៉េទទួលស្គាល់ដល់ថ្នាក់ខេត្តថែមទៀត។
ពួកគាត់ចោទសួរថា ប្រសិនបើរឿងរ៉ាវឈ្មួញដីនិយាយនេះ គឺជាការពិត តើពលរដ្ឋដែលរស់នៅអាស្រ័យផល ពីការរើសខ្យង ដាក់លបក្តាម រាវបង្គារ និងអូសសំណាញ់រាប់សិបឆ្នាំកន្លងមក នៅក្នុងព្រែកធម្មជាតិមួយនេះ ឥឡូវរំពឹងអ្វីទៀត ព្រោះសូម្បីតែព្រែក ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ក៏ពួកឈ្មួញអាចធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់បានដូច្នេះនោះ។
ពួកគាត់បាននិយាយទៀតថា កន្លងមកប្រជាពលរដ្ឋពលរដ្ឋតូចតាច មិនអាចធ្វើអ្វីនៅលើចំណីព្រែកនេះបានទេ ព្រោះអាជ្ញាធរតែងតែហាមប្រាមមិនឲ្យធ្វើ ដោយអះអាងថា ជាព្រែកធម្មជាតិរបស់រដ្ឋ ប៉ុន្តែពេលនេះត្រឡប់ជាមានឈ្មួញមកបោះបង្គោលបំពានយកយ៉ាងរំភើយ ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធ ឬអាជ្ញាធរណាម្នាក់ ចេញមុខពិនិត្យ និងទប់ស្កាត់ទាល់តែសោះ។
ក្រុមប្រជាពលរដ្ឋ រស់នៅក្នុងឃុំជ្រោយស្វាយទាំងអស់ ចង់ឃើញស្នាដៃអនុវត្តន៍ច្បាប់របស់លោកជំទាវអភិបាលខេត្តកោះកុង មកលើក្រុមមនុស្សប្រព្រឹត្តបទល្មើសច្បាប់ ដើម្បីទប់ស្កាត់ និងរក្សាទុកព្រែកធម្មជាតិមួយនេះ ឲ្យពលរដ្ឋក្រីក្រ បានបន្តអាស្រ័យផលនេសាទ នៅលើទីតាំងខាងលើបន្តទៀត ព្រោះបើសិនបាត់បង់ព្រែកខាងលើនេះ ពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងឃុំជ្រោយស្វាយ នឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចគ្រួសារជាក់ជាមិនខាន។
ជុំវិញបញ្ហាខាងលើនេះ លោក ហាវ ឡាញ់ ប្រធានសហគមន៍ ភូមិជ្រោយស្វាយ បានឆ្លើយបដិសេធក្នុងសម្តីមិនច្បាស់លាស់ថា លោកពុំបានដឹងរឿងនេះទេ។
សូមរំឭកថា លោក ហាវ ឡាញ់ ធ្លាប់អមដំណើរមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ នាំគ្នារុះរើកម្ទេចតូបប្រជាពលរដ្ឋចោលគ្មានសល់ ចំណែកក្រុមឈ្មួញដី អាចបោះបង្គោល ទន្ទ្រាន ខណ្ឌចែកគ្នីគ្នា បានតាមអំពើចិត្ត ដែលសូម្បីតែតំបន់ទេសចរណ៍មួយកន្លែង ស្ថិតក្នុងភូមិនេសាទ ដែលគេនិយមហៅថា ឆ្នេរនេសាទ ឬឆ្នេរពយម្កាក់ ក៏ត្រូវបានអាជ្ញាធរលួចឃុបឃិត ស៊ីញ៉េលក់គ្មានសល់។
បច្ចុប្បន្នឆ្នេរនេសាទត្រូវបានឯកជនទទួលបានសិទ្ធិកាន់កាប់ទាំងស្រុង ហើយសម្ងំលក់ចែកចាយបន្តគ្នាយ៉ាងរំភើយ ក្នុងតម្លៃខ្ពស់កប់ពពក ក្រោមរូបភាពឲ្យមនុស្ស ដែលជាបក្ខពួករបស់គេសាសង់តូបស្នាក់នៅ និងលក់ម្ហូបអាហារនៅមាត់ឆ្នេរ ដើម្បីបំភាន់ភ្នែកមហាជន។
ពាក់ព័ន្ធនឹងរឿងរ៉ាវដែលបានបោកប្រាស់ប៉ះពាល់ដល់ផ្លូវចិត្តប្រជាពលរដ្ឋនាពេលនេះ Swift News នៅពុំទាន់បានទទួលការបំភ្លឺពីលោក ប៊ុន រេ មេឃុំជ្រោយស្វាយ នៅឡើយទេ៕
Sponsor